ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..


   ខេត្តរតនគិរី៖ មានសេចក្តីរាយការណ៍មកថា ដីព្រៃរាប់រយហិកតានៅចំណុចកន្ទុយនាគ ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងគំហ៊ុក ខណៈមានគ្រឿងចក្រជាច្រើនគ្រឿងបានចូលទៅធ្វើសកម្មភាពឈួសឆាយ និងផ្តួលរំលំដើមឈើធំៗ យ៉ាងរង្គៀល ដោយមិនដឹងថាទីតាំងឈួសឆាយខាងលើនេះ បានទទួលសិទ្ធិរឺច្បាប់អនុញ្ញាតអោយឈួសឆាយចេញពីស្ថាប័នពាក់ព័ន្ធណានោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ  ឆ្នាំ២០២៤នេះ ប្រភពប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា ទីតាំងដែលគ្រឿងចក្រកំពុងតែធ្វើការឈួសឆាយខាងលើនេះ ពួកគាត់ពុំទាន់បានដឹងច្បាស់ថាជារបស់អ្នកណា​ ឬក្រុមហ៊ុន​វិនិយោគ​ណា​ មាន​ឈ្មោះ​អ្វី​ ឱ្យ​ពិតជាក់លាក់នោះទេ ដោយសារតែពួកគាត់ជាប្រជាពលរដ្ឋធម្មតា។

ទន្ទឹមនិងមានការឈួសឆាយនេះ គេសង្កេតឃើញថាដើមឈើធំៗ ដូចជាស្រឡៅ ផ្ចឹក សុក្រំ និងដើមឈើជាច្រើនប្រភេទទៀតត្រូវបាន កាត់ចុង កាត់គល់រួចត្រូវបានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមថែមទៀតផង ។ 

ប្រជាពលរដ្ឋទូរទាំងប្រទេសមានការងឿងឆ្ងល់ថា តើទីតាំងដែលកំពុងតែធ្វើការឈួសឆាយ យ៉ាងសកម្មជារៀងរាល់ថ្ងៃនៅចំណុចខាងលើនេះ ជាគម្រោងអ្វីអោយប្រាកដ ជារបស់ក្រុមហ៊ុនណាដែរ? ហើយទទួលបានច្បាប់ឈូសឆាយចេញពីស្ថាប័នពាក់ព័ន្ធណាខ្លះ? ជាគម្រោងវិនិយោគអ្វីទៅវិញ? បើសិនជាគម្រោងវិនិយោគនេះមានច្បាប់ ហេតុអ្វីបានជាដាក់ទីតាំងចំតែកន្លែងដែលមានព្រៃក្រាស់និងមានដើមឈើធំៗទៅវិញ? ចុះខ្វះអ្វីដីដែលរាជរដ្ឋាភិបាលបានដកហូតពីក្រុមហ៊ុននានា ដែលប្រកាសក្ស័យធនរាប់មុឺនហិកតាទូទាំងប្រទេស ជាដីដែលស្អាតស្រាប់ តួយ៉ាងដីព្រៃអង់តែនក្នុងខេត្តកំពង់ធំ ដីទំនេរច្រើនណាស់ មិនពិបាកក្នុងការចំណាយច្រើនទៅលើឈ្នួល..? អត់យល់ទេសម័យនេះហើយនៅមានក្រុមហ៊ុនឈួសឆាយដីព្រៃទៀត។ 

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ស្នើសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ពិសេសគោរពរាយការណ៍ជូន​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ មេត្តាទានចាត់កម្លាំងជាមន្ដ្រីក្រោមឱវាទត្រួតពិនិត្យមើលទីតាំងឈួសឆាយដីព្រៃនៅចំណុចទីតាំងខាងលើនេះផងទាន ពីព្រោះទីតាំងខាងលើនេះមិនមែនជាដីព្រៃរិចរិលទេ សុទ្ធតែជាព្រៃស្រោង មានដើមឈើធំៗ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វព្រៃដែលជិតផុតពូជ៕ (វគ្គ០១)












Previous Post Next Post