ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោបូព៌ា និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ


   នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោបូព៌ា និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំដែលមានទីតាំងនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តខេត្តត្បូងឃ្មុំប្រមាណ ៥០០ នាក់។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ៅ ឌុង  ប្រធាន ស.ស.យ.ក. ខេត្តត្បូងឃ្មុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមគណៈអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីនេះ។ នាឱកាសនេះដែរ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ ស.ស.យ.ក. ខេត្ត ដែលបានប្រមូលផ្តុំកម្លាំង មហាសាមគ្គី ចូលរួមកិច្ចការងារសង្គម ការងារមនុស្សធម៌ និងការងារដទៃទៀត យ៉ាងសកម្ម នាពេលកន្លងមក ជាពិសេសការសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាដែលកំពុងដាក់សម្ពោធនាថ្ងៃនេះ។ ឯកឧត្តមបានបន្តថា សមិទ្ធផលទាំងអស់នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃយុវជនយើង។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា រយៈពេល ១២ ឆ្នាំចុងក្រោយនេះ អ្វីដែល ស.ស.យ.ក. ទទួលបានគួបផ្សំនឹងសមិទ្ធផលនានាដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាដែលបានបំពេញបេសកម្មយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ បានធ្វើឱ្យ ស.ស.យ.ក. ទទួលបានការគាំទ្រពីមហាជននៅទូទាំងប្រទេសកម្ពុជា ជាពិសេសការទទួលស្គាល់ពីតម្លៃ និងផ្ដល់ជំនឿទុកចិត្តដល់អង្គភាពមួយនេះ។

ជាចុងបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តត្បូងឃ្មុំទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា អគារតេជោបូព៌ាដែលជាទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ នឹងក្លាយជាមជ្ឈមណ្ឌលមួយដ៏សំខាន់សម្រាប់យុវជន ក្នុងការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជនគ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការទាំងនៅក្នុងខេត្តត្បូងឃ្មុំផ្ទាល់ និងបណ្ដាខេត្តនានាដែលជាប់ព្រំប្រទល់ជាមួយគ្នាផងដែរ។















Previous Post Next Post