(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កម្ពុជានិងប្រទេសវៀតណាមគឺជាអ្នកជិតខាងមានភូមិផងរបងជាមួយគ្នា យើងបានរួមសុខ រួមទុក្ខជាមួយគ្នាជាយូរណាស់មកហើយ។ កម្ពុជាក៏មានប្រវត្តិជួយទៅដល់ប្រទេសវៀតណាម ហើយប្រទេសវៀតណាមក៏មានប្រវត្តិជួយមកដល់កម្ពុជា ដូចគ្នា។
ប្រទេសយើងទាំង២បានរួមសុខទុក្ខជាមួយគ្នា ហើយយើងនឹងបន្តការអភិវឌ្ឍប្រទេសរៀងៗខ្លួន ឲ្យមានការរីកចម្រើនដូចគ្នា ដោយប្រទេសវៀតណាមមានចក្ខុវិស័យ ធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសជាអ្នកមាននៅឆ្នាំ២០៤៥។ ចំណែកឯប្រទេសកម្ពុជាយើងវិញក៏មានចក្ខុវិស័យធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស អភិវឌ្ឍន៍ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ ឯកឧត្ថមអភិបាលបន្តទៀតថា ថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកនូវអ្វីៗ ល្អជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឲ្យយុវជនជំនាន់ក្រោយបន្តទំនាក់ទំនង សហប្រតិបត្តការកាន់តែមានភាពរឹងមាំបន្ថែមទៀត រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមទៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ង្វៀន មិញជៀត ក៏បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍភាពរីកកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ភាពរីកចម្រើននៃទំនាក់ទំនងរវាងយុវជនកម្ពុជា និងយុវជននៃប្រទេសវៀតណាម។ ឯកឧត្តមបន្តថា យុវជនវៀតណាម និងយុវជនកម្ពុជាបានប្រាស្រ័យទាក់ទងទំនាក់ទំនងគ្នាបានយ៉ាងល្អ ហើយ បច្ចុប្បន្ននេះថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាស្រទាប់យុវជនបន្តវេន ដែលមានសមត្ថភាពដែលយើងនឹងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ប្រភព៖ រដ្ឋបាលរាធានីភ្នំពេញ