ឯកឧត្តម ប៉ែន បូណា អនុញ្ញាតឱ្យលោក ណាហ្គាសិ កេនស៊ូកិ ឧបទូត(Minister)និងជាអនុប្រធានបេសកកម្មស្ថានទូតជប៉ុនថ្មីប្រចាំកម្ពុជាជួបសម្តែងការគួរសម


   ━━━━━✥◈✥━━━━━

   ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលជួបលោក ណាហ្គាសិ កេនស៊ូកិ (Mr. NAGASE Kensuke) ឧបទូតនិងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី និងសហការី ជួបសម្តែងការគួរសម និងសន្ទនាជាលក្ខណៈមិត្តភាព នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះ លោក ណាហ្គាសិ កេនស៊ូកិ បានលើកសរសើរទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ដែលកាលពីឆ្នាំ២០២៣ កន្លងទៅត្រូវបានដំឡើងជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកសន្យាថា នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាន់តែល្អប្រសើឡើងជាលំដាប់ និងជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង។ លោកអនុប្រធានបេសកកម្មក៏បានលើកសសើរអំពីគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំពារប្រជាពលរដ្ឋជាពិសេសលើការផ្តល់សេវាសុខភាព។ 

ជាការឆ្លើយតប ឯកឧត្តម ប៉ែន បូណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការស្តារប្រទេសកម្ពុជាឡើងវិញ ក្រោយចេញពីរបបខ្មែរក្រហម។ ឯកឧត្តមបន្តថា ជំនួយរបស់ជប៉ុនពិតជាមានតម្លៃក្នុងការជួយអភិឌ្ឍប្រទេសកម្ពុជា ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈល្អប្រសើរជានិច្ចក្នុងគ្រប់ដំណាក់កាល។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានធ្វើឱ្យល្អឡើងជាលំដាប់។

ក្រៅពីនេះ ឯកឧត្តម ប៉ែន បូណា ក៏បានជំរាបជូនលោក ណាហ្គាសិ កេនស៊ូកិ អំពីការងារនិងទំនួលខុសត្រូវរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងការនាំព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជំរាបជូនបន្ថែមអំពីគោលនយោបាយដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបម្រើប្រជាពលរដ្ឋខ្មែរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg







Previous Post Next Post