(ព្រះសីហនុ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ នាថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មកទល់ពេលនេះការដោះស្រាយវិវាទរវាងអតិថិជន និងបុរី វី អាយ ភី បានឯកភាពជំរុញបញ្ចប់វិវាទ ដោយសម្រេចផ្ដល់ដំណោះស្រាយក្នុងការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភីដែលបានបង់ប្រាក់ផ្ដាច់ ១០០% ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា មកទល់ពេលនេះការដោះស្រាយវិវាទរវាងអតិថិជននិងបុរី វី អាយ ភី បានធូរស្រាលច្រើនដោយសារតែមានការប្រជុំពិភាក្សាជួយរកដំណោះស្រាយពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាច្រើនលើកច្រើនសារ និងមានការជួយខ្នះខ្នែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរដើម្បីរកដំណោះស្រាយរួមមួយបញ្ចប់វិវាទឱ្យបានឆាប់រហ័ស រហូតមានការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ។ លទ្ធផលសម្រេចបាននាពេលនេះ គឺដោយសារប្រមុខរាជរដ្ឋាភិបាល បានឯកភាពជំរុញបញ្ចប់វិវាទដោយសម្រេចផ្ដល់ដំណោះស្រាយក្នុងការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ដែលបានបង់ប្រាក់ផ្ដាច់ ១០០% ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងមានលំនៅស្ថានរស់នៅក្នុងបុរី វី អាយ ភីខេត្តព្រះសីហនុនេះ នាពេលខាងមុខសូមបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងការរៀបចំលក្ខន្តិកៈនៃការរស់នៅដោយខ្លួនឯង ពីព្រោះប្រជាពលរដ្ឋនឹងត្រូវសហការឯកភាពគ្នាក្នុងការប្រើប្រាស់សេវាអគ្គិសនី ភ្លើងបំភ្លឺផ្លូវសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ការថែទាំផ្លូវ ដាំដើមឈើ និងការប្រមូលសំរាម ជាដើម។ ហើយ ការងារទាំងនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយសម្របសម្រួល និងការងារផ្សេងទៀតដែលអាចកើតមានឡើងប្រសិនបើមានតម្រូវការ ដើម្បីប្រែក្លាយទៅជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើដល់ប្រជាពលរដ្ឋជាអតិថិជនបុរី វី អាយ ភី ដែលមិនទាន់បានបង់ប្រាក់គ្រប់ សូមបន្តបង់ប្រាក់រំលស់ជាបន្តបន្ទាប់តាមការកំណត់ដើម្បីឱ្យការសាងសង់សំណង់បានបញ្ចប់តាមផែនការគ្រោងទុក ដោយក្រសួងនឹងផ្ដល់ការជួយសម្របសម្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋដែលមានតម្រូវការលើសេវាធនាគារក្នុងការបង់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពបង់ប្រាក់រំលស់រហូតទទួលបានលំនៅដ្ឋានក្នុងក្តីស្រមៃរបស់ខ្លួនពិតប្រាកដ។
ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាអតិថិជនបុរី វី អាយ ភីខេត្តព្រះសីហនុទាំងអស់ដែលបានចូលរួមសហការរកដំណោះស្រាយចំពោះបញ្ហាវិវាទជាមួយបុរីនាពេលកន្លងមក ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕