កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើរបៀបវារៈ ស្តីពី របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ឆ្នាំ២០២៤


   ━━━━━✥◈✥━━━━━

   ដោយមើលឃើញពីសារៈសំខាន់នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាលើកទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ វេទិកាលើកទី១៩នេះ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗ ចំនួន ១១ចំណុច រួមមាន (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ (២) ការសម្រាលបន្ទុកលើអនុលោមភាព (៣) ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ (៤) កិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ (៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ (៦) ការស្តារនិងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ (៧) ការអភិវឌ្ឍវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម (៨) វិស័យធនាគារនិងហិរញ្ញវត្ថុ (៩) វិស័យរ៉ែនិងថាមពល (១០) វិស័យសំណង់និងអចលនទ្រព្យ និង (១១) បញ្ហាផ្សេងៗ។

 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានភារកិច្ចតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការទាំង ១១ចំណុចនេះ និងរាយការណ៍អំពីវឌ្ឍនភាពជូនរាជរដ្ឋាភិបាល ជារៀងរាល់៦ខែម្តង។ វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ទាំង ១១ចំណុចខាងលើ ត្រូវបានបំបែកជាវិធានការលម្អិតតូចៗ ចំនួន១៨៨ និងត្រូវបានបែងចែកជា ៣ប្រភេទ គឺ (១) សម្រេចបានពេញលេញ  (២) កំពុងត្រូវបានអនុវត្ត និង (៣) មិនទាន់ត្រូវបានអនុវត្ត។ ជាលទ្ធផល វិធានការដែលសម្រេចបានពេញលេញ មានប្រមាណ ៥៧% (ស្មើនឹង ១០៨វិធានការ) វិធានការដែលកំពុងត្រូវបានអនុវត្តមានប្រមាណ ៤៣% (ស្មើនឹង ៨០វិធានការ) ភាគច្រើនជាវិធានការដែលមានលក្ខណៈជាចរន្ត តម្រូវឱ្យមានការអនុវត្តជាបន្តបន្ទាប់ និងវិធានការខ្លះទៀត គឺពុំទាន់ដល់ពេលវេលាកំណត់ត្រូវអនុវត្ត។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយ ដើម្បីបំពេញតួនាទីជាយន្តការយ៉ាងសំខាន់ ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ជូនរាជរដ្ឋាភិបាលពិនិត្យ ដោះស្រាយ និងអន្តរាគមន៍៕

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

Previous Post Next Post