ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានចាត់តាំងសមាជិក សមាជិការាជរដ្ឋាភិបាល និងមន្ត្រីរាជការតាមក្រសួង សា្ថប័ន សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សំដៅចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបំផុសចលនាឱ្យមានការគាំទ្រ និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួម និយាយដោយឡែក ខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនេះដែរ ដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែមានលក្ខណៈទូលំទូលាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នឹងបន្តរៀបចំវេទិកាសាធារណៈជួបសំណេះសំណាលបន្ថែមទៀត ដើម្បីបន្តដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ការកែលំអរបាតុភាពអសកម្ម និងការខុសឆ្គងរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ និងត្រួតពិនិត្យនូវបញ្ហាដែលដោះស្រាយរួច ជៀសវាងការកើតមានបញ្ហាដដែលៗនៅពេលក្រោយ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ផងដែរថា នៅសល់ ១២ ថ្ងៃទៀត និងបាន ១ឆ្នាំគត់ នៃដំណើរការរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលរយៈពេលនេះ ជាមោទនភាព ដែលយើងមើលឃើញ មានដំណើរការប្រកបដោយថាមពលមោះមុត និងទទួលបានជោគជ័យ ក្នុងនោះ៖
ចំណុចទី១៖ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ស្ថេរភាពសង្គមបានយ៉ាងល្អប្រសើរ ពោលគឺ ចាប់តាំងពីថ្ងៃដំណើរការរហូតដល់បច្ចុប្បន្ននេះ ។
ចំណុចទី២៖ ដំណើរការល្អ វិស័យសេដ្ឋកិច្ច ពោលគឺ ទោះបីទទួលរងពីស្ថានភាពបញ្ហាផ្សេងៗ ក៏ប្រទេសកម្ពុជាយើងនៅតែមានកំណើនសេដ្ឋកិច្ច ទោះបីតិចតួចក៏ដោយ។
ចំណុចទី៣៖ រាជរដ្ឋាភិបាលយើងកំពុងដំណើរការកែទម្រង់ យ៉ាងមានប្រសិទ្ធភាព ទៅលើវិស័យសុខាភិបាល ដែលអាទិភាពគន្លឹះ គឺបុគ្គលិកសុខាភិបាល នៅតាមបណ្ដារ មណ្ឌលសុខភាព និងបុគ្គលិក នៅតាមមន្ទីរពេទ្យបង្អែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកំពុងដំណើរការ បានយ៉ាងល្អប្រសើរផងដែរ នៃកំណែទម្រង់លើវិស័យអប់រំ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានយកឱកាសនោះ តំណាងឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណសម្ដេចអធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួច ដើម្បីឲ្យដំណើរការរបស់រាជរដ្ឋាភិបាលជិត ១ឆ្នាំនេះ ដំណើរការបានដោយជោគជ័យ ៕