ឯកឧត្តម ហេង សួរ ណែនាំឱ្យនិស្សិតជ័យលាភីទាំង ១៧ រូបដែលទៅសិក្សានៅរដ្ឋាភិបាលឆែក និងអាល្លឺម៉ង់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាទៅកាន់បរទេស


   ━━━━━✥◈✥━━━━━

   ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភី ១៧ រូបដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលឆែក និងរដ្ឋាភិបាលអាល្លឺម៉ង់ បានចូលជួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ដើម្បីទទួលអនុសាសន៍និងបទពិសោធន៍លើការចេញសិក្សានៅបរទេស។ 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីបង្ហាញពីភាពវិជ្ជមាន វឌ្ឍនភាពសង្គម ឱកាសវិនិយោគ និងភាពផូរផង់នៃវប្បធម៌ប្រពៃណីរបស់ជាតិទៅដល់បរទេសដែលជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូបសម្រាប់សង្គមជាតិរបស់ខ្លួន។ 

ក្រៅពីនេះ ក្រោយការស្តាប់ការណែនាំខ្លួនរបស់និស្សិតជ័យលាភី ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតជ័យលាភី និងក្រុមគ្រួសារ  ចំពោះការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍បន្ថែមពីសាធារណរដ្ឋឆែក និងសហព័ន្ធអាល្លឺម៉ង់ក្នុងតំបន់អឺរ៉ុបដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិបន្ថែមទៀត៕

#MLVT #HENGSour

Previous Post Next Post