ទីតាំងល្បែងហ្គេមបាញ់ត្រីនៅផ្សារសូរិយា កំពុងទាក់ទាញយុវជនខ្មែរនិងជនជាតិចិន ចូលលេងយ៉ាងគគ្រឹកគគ្រេងនៅខណ្ឌដូនពេញ


   ភ្នំពេញ៖ ប្រភពពីអ្នកធ្លាប់បានចូលលេងទីតាំងហ្គេមបាញ់ត្រីនៅជាន់ទី៥ នៃផ្សារសូរិយាបានឲ្យដឹងថា មេការនៅទីនោះមានការប្រយ័ត្នប្រយែង ចំពោះសមាជិកថ្មីៗនៃអ្នកទៅ លេងហ្គេមនោះជាខ្លាំង។ មានន័យថា ចំពោះជនប្លែកមុខគឺមិនត្រូវបានអនុញ្ញាតឲ្យចូលលេងនោះឡើយ។ អ្នកចង់ទៅលេង ទាល់តែមានអ្នកធ្លាប់ស្គាល់បបួល ឬណែនាំទៅទើបអាចចូលលេងបាន។ ប្រសិនបើអ្នកមិន ធ្លាប់ ឬមិនស្គាល់ហើយប្រាថ្នា ចង់ទៅលេងហ្គេមបាញ់ត្រីនៅទីនោះ គឺពិតជាមិនអាចចូលលេងបានស្រួលៗនោះឡើយ។ មិនមែនឲ្យតែចង់ទៅលេង គឺបានដូចចិត្តនោះទេ។ គេថា សូម្បីតែអ្នកដើរកាត់មុខច្រកចូល ទៅបន្ទប់លេងហ្គេមនោះ ក៏ហាក់ដូចជាតឹងតែងដែរ។

ការរឹតបន្តឹងចំពោះជនប្លែកមុខ គឺគេមិនចង់ឲ្យមានការបែកធ្លាយអំពីព័ត៌មាន ស្ដីអំពីទីតាំងហ្គេមបាញ់ត្រីនៅផ្សារសូរិយាជាន់ទី៥ នោះតែប៉ុណ្ណោះ។ គេបានរៀបចំយ៉ាងម៉ត់ចត់ អំពីបញ្ហាសុវត្ថិភាពសម្រាប់អ្នកទៅលេងដោយមិនឲ្យមានអ្នកលួចថតអ្វីនោះទេ។ ប្រភពប្រាប់ថាល្បែងហ្គេមបាញ់ត្រី ដែលលាយឡំដោយល្បែងស៊ីសងតាមអ៊ីនធឺណិតផ្សេងទៀត ត្រូវបានដំណើរការយ៉ាង ហោចណាស់២កន្លែងមានក្នុងនិងក្រៅនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងភូមិ សាស្ត្រខណ្ឌដូនពេញនេះ។ ប្រភពរាយការណ៍ថា នៅ ក្នុងទីតាំងខាងលើនោះ មានមនុស្សច្រើនកកកុញដែលស្ទើររកកន្លែងឈរគ្មាន ប្រដេញគ្នាលេងល្បែងស៊ីសង, ហ្គេមបាញ់ត្រីតាមចិត្តចង់។

គេមិនដឹងថាតើរដ្ឋបាលខណ្ឌដូនពេញ លោកអធិការនគរបាលខណ្ឌដូនពេញ បានដឹងអំពីបញ្ហានេះដែរឬយ៉ាងណានោះទេ? ប៉ុន្តែបើឆ្លើយថា មិនដឹង ដូចជាមិនសម ក្នុងនាមអាជ្ញាធរដែនដីដែលមានសមត្ថកិច្ច? គេខ្លាចថា ថៅកែទូហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបសូរិយានោះបានសែនព្រេនត្រូវរួចរាល់ហើយ ចំពោះអាជ្ញាធររដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជាសមត្ថកិច្ចនគរបាលជាដើមនោះ។ ប្រជាពលរដ្ឋដែលមានកូនចៅ ជាយុវជនយុវនារី រំពឹងថា លោកអធិការនគរបាលខណ្ឌដូនពេញនឹងទៅអើតឈ្ងោកមើលហ្គេមបាញ់ត្រី នៅផ្សារទំនើបសូរិយានោះផង។

ពលរដ្ឋសូមស្នើ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តម ជួយដាក់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនឹងធ្វើការបង្ក្រាបផងឯកឧត្តម៕

Previous Post Next Post