ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព វិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋ និងកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ឯកឧត្តមថ្លែងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ និងផ្តល់ថ្នាំវីតាមីន C ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាមន្ទីរសុខាភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និង ឯកឧត្ដមក្រុមប្រឹក្សាខេត្តក្រចេះ ។
បើតាមឯកឧត្តម នេត្រ ភក្ត្រា វិស័យសុខាភិបាលគឺគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលដាក់ចុះដើម្បីគិតគួរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ គឺពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាល សំដៅធានាអោយប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយសុខសុវត្ថិភាព សុខភាពល្អលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព។
ឯកឧត្តមបន្តថា ជាមួយនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក៏បានផ្តោតលើគោលដៅធំចំនួនពីរ៖
* ទី១៖ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃការឆ្លងរីករាលដាល់នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលលេចឡើងជាយថាហេតុក្នុងពេលបច្ចុប្បន្ន និងទៅអនាគត,
* ទី២៖ លើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជាស្រ្តី កុមារ វ័យជំទង់ មនុស្សចាស់ជរា ជនមានពិការភាព តាមរយៈការពង្រឹងភាពធន់នៃប្រពន្ធ័សន្តិសុខសុខភាព និងទំនើបភាវូបនីយកម្មប្រពន្ធ័ផ្តល់សេវាថែទាំសុខភាព ក្នុងដំណើរឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជានាដំណាច់ឆ្នាំ២០៣០។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖
* ទី១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
* ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ដើម្បីឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងខេត្តជាប់ខេត្តក្រចេះដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ និងប្រកបដោយការទទួលខុសត្រូវ និងគោរពបានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ ៉ឯកឧត្តមប្រធានក្រុមការងារ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋដើម្បីបន្តកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋកាន់តែខ្លាំងលើសមត្ថភាព និងគុណភាពនៃសេវាសុខាភិបាល។
នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងការគាំទ្ររបស់ឯកឧត្ដម នេត្រ ភក្ត្រា ព្រមទាំង ឯកឧត្តម វ៉ា ថន ដែលតែងតែគាំទ្រលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យនានាក្នុងខេត្តយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ។
ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន បានធ្វើបទបង្ហាញពីគម្រោងចុះពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាជននៅតាមមូលដ្ឋានខេត្តក្រចេះ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងចុះធ្វើការពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ រួមចំណែកក្នុងកម្មវិធីលើកកម្ពស់សុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ រួមចំណែកលើកស្ទួយកម្រឹតជីវភាពរបស់ប្រជាជន៕