ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើទៅគណៈកម្មាធិការជាតិដើម្បីដាក់ឈ្មោះជនល្មើស ស្រី ស៊ីណា ទៅក្នុងបញ្ជីទណ្ឌិតជាឧក្រិដ្ឋជនសាហាវ ដែលមិនអាចស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសបានជាដាច់ខាត


   ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើទៅគណៈកម្មាធិការជាតិដើម្បីដាក់ឈ្មោះជនល្មើស ស្រី ស៊ីណា ទៅក្នុងបញ្ជីទណ្ឌិតជាឧក្រិដ្ឋជនសាហាវ ដែលមិនអាចស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសបានជាដាច់ខាត។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ជូនសាធារណជនទាំងអស់ក្នុងឱកាសនេះថា មានការលើកឡើងថា កឱ្យមានការយល់ច្រឡំថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា នឹងអាចនៅក្រៅឃុំ ឬជាប់ទោសត្រឹម២ ឬ៣ឆ្នាំ ដូចការបំភ្លៃរបស់បណ្តាញសង្គមមួយចំនួនឱ្យសោះ នោះគឺជារឿងដែលមិនអាចទៅរួចនោះទេ សូមជឿជាក់លើប្រព័ន្ធយុត្តិធម៌យើង ហើយបើសិនជាមានរឿងនេះមែន ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ហើយខ្ញុំក៏មិនមានមុខធ្វើការក្នុងវិស័យយុត្តិធម៌ទៀតនោះដែរ”។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ មានប្រសាសន៍បន្តថា “ខ្ញុំនឹងស្នើទៅគណៈកម្មាធិការជាតិដើម្បីដាក់ឈ្មោះជនល្មើស ស្រី ស៊ីណា ទៅក្នុងបញ្ជីទណ្ឌិតជាឧក្រិដ្ឋជនសាហាវ ដែលមិនអាចស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសបានជាដាច់ខាត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ មានប្រសាសន៍បញ្ជាក់ថា “ច្បាប់មិនអាចអនុវត្តទៅតាមអារម្មណ៍ បាននោះទេ! មហាជនភាគច្រើនថាគួរតែ ជាប់គុកមួយជីវិត ឬប្រហារជីវិត ប៉ុន្តែនោះជារឿងមិនអាចទៅរួច កម្ពុជាមិនមានទោសប្រហារជីវិតនោះទេ ព្រោះច្បាប់បានចែងមកអញ្ចឹង ឃាតកម្មនេះអាចជាប់ទោសក្នុងមួយសំណុំរឿង ត្រឹម១០ឆ្នាំ ទៅ១៥ឆ្នាំ (២ សំណុំរឿង) យើងមិនអាចធ្វើលើសពីនេះទេ មានតែកែច្បាប់ស្តីពីស្ថានទម្ងន់ទោស”។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៍មានការកោតសរសើរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរថា “ខ្ញុំសូមអរគុណ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្លែងសារភ្លាមៗនៅពេលបែកធ្លាយវីដេអូដ៏ឃោរឃៅនោះ”៕

ប្រភព៖ AKP







Previous Post Next Post