សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំនគរបាល សម្រួលចរាចរណ៍ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ រហូតដល់លែងកកស្ទះចរាចរណ៍


   ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ (Rush Hour) រហូតដល់ស្ថានភាពកកស្ទះចរាចរណ៍ត្រឡប់ មកសភាពធម្មតាវិញ ទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត» នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ ប្រកបដោយ អត្ថន័យ យ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺ «យកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹក ត្នោតខ្ចប់ស្ករត្នោត» តាមរយៈការប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍កោះនរាមួយផ្នែក និងមួយផ្នែកទៀត បានមកពីការបង្វែរកញ្ចប់ថវិកា ពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល សម្រាប់យកមកស្ថាបនាស្ពានអាកាសថ្មីនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាលំហូរចរាចរក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីក នៃគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ និងគម្រោង «ព្រែកជីកហ្វូណន-តេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សម្រាប់ ជា ឧត្តម ប្រយោជន៍ជាតិ និងប្រជាជន ។

សម្តេចធិបតី បានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដល់ក្រសួង-ស្ថាប័នជំនាញ និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើងនៃ នគរូបនីយកម្ម ដែលក្នុងនោះរួមមាន៖

ទី១. បន្តអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងទីក្រុង ដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ. បង្កើនល្បឿនការអភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុន សេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ ២០៣៥ និង. ផ្តើមគិតពីកិច្ចការសាងសង់សំណង់នីមួយៗ ឱ្យស្របតាមការវិវត្តនៃតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

ទី២. បន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានី

ភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យ ប្រវត្តិ នៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។

ទី៣. បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេស នៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ។

ទី៤. បន្តខិតខំជំរុញការអនុវត្តផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា ឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ទន្ទឹមនេះ បន្តចុះពិនិត្យដោះស្រាយប្រព័ន្ធ បណ្ដាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណី ជំនន់ ទឹកភ្លៀង និងប្រធានសក្តិនានា ដែលអាចកើតមានជាយថាហេតុ ។

ទី៥. បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និង ក្នុងសហគមន៍ ។ ល ។) ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានល្អប្រសើរ ពោលគឺ ត្រូវបន្តចាត់វិធានការឱ្យបាន ជា ប្រចាំ និងជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ ។

និង ទី៦. បន្តយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុង ឱ្យ ខាង តែ បាន ដើម្បីសម្រួល ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ថែមលើនេះ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងត្រូវទៅ និង ចេញពីបម្រើការងារ (Rush Hour) រដ្ឋបាលរាជធានីភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់ មកសភាពធម្មតាវិញ ទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ៕




Previous Post Next Post