ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជា មានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាននៅក្នុងតំបន់របស់យើង”។
សម្តេចធិបតី បានបញ្ជាក់ថា មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សុន្ទរកថាគន្លឹះ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នឹងពិភាក្សាស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗ ដែលមានការពាក់ព័ន្ធខ្ពស់នឹងតំបន់របស់យើង ប្រធានបទដែលត្រូវបានជ្រើសរើស ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីគោលការណ៍ណែនាំរបស់អាស៊ាន ការអភិវឌ្ឍថ្មីៗ និងទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសចូលរួមពិធី “បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤” នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ។
សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុងការបញ្ចេញសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមដូចជា៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពល nijimus (ASEAN energy grid connectivity and ASEAN renewable energy and sustainability), កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN) និង ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth) ៕