(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម សាយ សំអាល់ ថ្លែងថា ការងារអាទិភាពរបស់ក្រសួង គឺការចុះបញ្ជីដីធ្លី ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ ជាលទ្ធផល ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងស្វែងរកថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ដើម្បីចុះបញ្ជី ៥ លានក្បាលដីទៀតទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
ចំពោះវិស័យសំណង់ ឯកឧត្តម បានបញ្ជាក់ថា គោលដៅសំខាន់នៃការរៀបចំស្តង់ដាសំណង់នៅកម្ពុជា គឺដើម្បីជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានធម្មជាតិដែលមានស្រាប់នៅកម្ពុជា ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលសំណង់ក្នុងស្រុក។ ដូចនេះ ក្រសួងបាននិងកំពុងសិក្សាធាតុចូលពីបណ្តាប្រទេសដូចជា អឺរ៉ុប ជប៉ុន និងអាមេរិក ដើម្បីបង្កើតស្តង់ដាសំណង់មួយដែលឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រសួងបាននិងកំពុងតាក់តែងច្បាប់ចំនួន ៣ គឺ៖ ច្បាប់ស្តីពីសំណង់ ច្បាប់ភូមិបាល និងច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងកំពុងស្នើសុំជំនួយប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប (Satellite Image) តាមរយៈស្ថានីយ JAXA នៃរដ្ឋាភិបាលជប៉ុន ដើម្បីរៀបចំដែនដីស្របតាមទិសនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព រៀបចំអភិវឌ្ឍទីក្រុង និងរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត កោតសរសើរដល់ក្រសួងដែលសម្រេចបានជោគជ័យលើការកាត់បន្ថយវិវាទដីធ្លីទូទាំងប្រទេសបានល្អប្រសើរ។
ឯកឧត្តមបង្ហាញពីការគាំទ្រលើការសិក្សារៀបចំស្តង់ដាសំណង់នៅកម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីផ្តល់ជំនួយបច្ចេកទេស និងជំនួយផ្សេងៗឱ្យសមស្របនឹងតម្រូវការក្នុងការសិក្សាស្តង់ដាសំណង់នៅកម្ពុជា ពិសេសពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលមានប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប៕