រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហាញពីគម្រោងសង្គ្រោះបឹងទន្លេសាបពីសំរាម និងថង់ប្លាស្ទិក ខណៈដៃគូនានាកំពុងសិក្សាពីលទ្ធភាពរួចហើយ


    ខេត្តបាត់ដំបង៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីគម្រោងសម្អាតផ្ទៃបឹងទន្លេសាប ពីសំរាម និងថង់ប្លាស្ទិក ខណៈដែលមានអង្គការរបស់អាល្លឺម៉ង់ ក៏កំពុងជួយសម្អាតប្លាស្ទិក បឹងទន្លេសាប។ ដោយឡែកមានអង្គការមួយក៏កំពុងសិក្សាពីលទ្ធភាព និងបានព្រមព្រៀង សិក្សាថា តើ២៥ឆ្នាំទៀត បឹងទន្លេសាប នឹងក្លាយជាអ្វី ហើយវិធានការអ្វីខ្លះដែលអាចទប់ស្កាត់ដែលត្រូវធ្វើជាចាំបាច់ ដើម្បីរក្សាបឹងទន្លេសាប សម្រាប់តជំនាន់។

ការគូសបញ្ជាក់បែបនេះរបស់លោកណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា ទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងរដ្ឋជាសមាជិក នាក្នុងយុទ្ធនាការ ForOurPlanet ជាលើកដំបូងក្នុងឆ្នាំ២០២៤ នៅឯឋបនីយជីវមណ្ឌលបឹងទន្លេសាប (TSBR)! ខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

លោកបបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំបានពិចារណាកាលពីរសប្តាហ៍មុនរៀបចំសម្អាតទឹក សម្អាតទឹកមាន២ គឺទី១៖ សម្អាត់ថង់ប្លាស្ទិក លើផ្ទៃទឹក ហើយផ្ទៃទឹកអាទិភាពជាងគេ គឺទន្លេសាប តែម្តង ព្រោះថាពិភពត្រីនៅទន្លេសាប គឺបម្រើឱ្យប្រជាជនយើងប្រមាណ ៦លាននាក់ បើយើងបាត់បង់ ត្រីដោយសារការបំពុលបរិស្ថាន ដោយថង់ប្លាស្ទិក យើងនឹងខាតបង់ធំ»។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកលឡើងនៅថា នៅពេលដែលប្លាស្ទិក កើនឡើងច្រើននោះ ត្រីស៉ីប្លាស្ទិក ហើយប្រជាពលរដ្ឋដែលបរិភោគសាច់ត្រីដែលមានផ្ទុកដោយមីក្រូប្លាស្ទិក នឹងទទួលរងនូវជំងឺនានាដែលបង្កដោយមីក្រូប្លាស្ទិក ជាដើម។

«អញ្ចឹងទេ ខ្ញុំបានពិចារណាហើយ ជំហានទី១ ដើម្បីកាត់បន្ថយលំហូរប្លាស្ទិក ចូលក្នុងបឹងទន្លេសាប យើងត្រូវទប់ស្កាត់តាមព្រែកនីមួយៗ ដែលហូរចូលមកបឹងទន្លេសាប នាំមកនូវសំរាម ថង់ប្លាស្ទិក មកបឹងទន្លេសាប ធ្វើឱ្យបឹងទន្លេសាប ក្លាយជាកន្លែងផ្ទុកសំរាម ជាពិសេសថង់ប្លាស្ទិក។ អញ្ចឹងទេ ខ្ញុំបានដាក់ផែនការ ដើម្បីធ្វើការសិក្សាតាមព្រែកនីមួយៗដែលហូរចូលបឹងទន្លេសាប ស្វែងយល់ពីគំនិត និងបច្ចេកវិទ្យាផ្សេងៗ ដើម្បីទប់ស្កាត់ការហូរចូលប្លាស្ទិក ចូលមកបឹងទន្លេសាបនេះជំហានទី១»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា លោកបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ដោយក្នុងនោះមានក្រុមហ៊ុនអាល្លឺម៉ង់មួយ កំពុងតែជួយសម្អាតប្លាស្ទិក តាមបឹងទន្លេសាប។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា ប្រសិនបើមានគម្រោងទប់ស្កាត់ការនាំនាំសំរាម និងថង់ប្ហាស្ទិក នៅតាមព្រែកទាំង១៤ នោះកិច្ចការងារជួយសង្គ្រោះទន្លសាប ពីសំរាម និងថង់ប្លាស្ទិក បានច្រើនផងដែរ។

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានស្នើសុំដល់អង្គការមួយឱ្យសិក្សាពីលទ្ធភាពសម្អាតបឹងទន្លេ «ហើយអង្គការនេះបានព្រមព្រៀងដោយកំពុងសិក្សាមិនត្រឹមសម្អាតប្លាស្ទិក លើបឹងទន្លេសាបនោះទេ ប៉ុន្តែ ក៏បានសិក្សាថា តើ២៥ឆ្នាំទៀត បឹងទន្លេសាប នឹងក្លាយជាអ្វី ហើយវិធានការអ្វីខ្លះដែលអាចទប់ស្កាត់ដែលត្រូវធ្វើជាចាំបាច់ ដើម្បីរក្សាបឹងទន្លេសាប សម្រាប់តជំនាន់ នៅពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ»។

លោករដ្ឋមន្ត្រី បានបន្ថែមថា មន្រ្តីជំនាញក៏កំពុងតែធ្វើការសិក្សាថា តើនៅក្នុងប្រទេសកម្ពុជាមានរោងចក្រប៉ុន្មាន ដែលបង្ហូរទឹកចូលទៅក្នុងទន្លេបឹងបួ ក្រោយពីធ្វើការសិក្សាលម្អិតរួចហើយក្រសួងនិងដាក់ប្រព័ន្ធតាមដានគ្រប់រោងចក្រទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យទឹកចេញពីរោងចក្រចូលមកទន្លេបឹងបួ គឺជាទឹកល្អ មិនបំពុលបរិស្ថាន ពីព្រោះគុណភាពទឹកនេះ មានសារៈសំខាន់ណាស់សម្រាប់មនុស្ស។

សូមជម្រាបថា ទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥សែនហិកតានៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ បឹងនេះ មានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា៖ តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។

បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០ភាគរយឯណោះ។

ឆ្លើយតបទៅនឹងសារៈសំខាន់ដ៏មហិមារបស់បឹងទន្លេសាប មកកាន់ប្រជាជាតិកម្ពុជាទាំងមូល បឹងនេះត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ ដោយកំណត់ចូលក្នុងប្រភេទជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ រីឯស្ថាប័នដែលពាក់ព័ន្ធលើការគ្រប់គ្រងបឹងទន្លេសាបរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប អាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប។

ជាមួយនឹងការព្រមានខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះកំណត់ឱ្យបានច្បាស់លាស់ដីអភិរក្សបឹងទន្លេសាប។ ការកំណត់ដីអភិរក្សបឹងទន្លេសាប ត្រូវធានាឱ្យបានសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប​ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។ អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប៕















Previous Post Next Post