សហគមន៍ទេសចរណ៍កំពង់ឃ្លាំងស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានចំងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ប្រជាជនជាង ៨៥% នៃប្រជាជនសរុបក្នុងឃុំ ប្រកបរបរនេសាទ និង១៥% ទៀតប្រកបរបរបន្ទាប់បន្សំដូចជាការចិញ្ចឹមត្រី ធ្វើចំការសណ្តែក កែច្នៃអនុផលនេសាទតាមរយៈការធ្វើផ្អក ប្រហុក ត្រីឆ្អើរ ត្រីងៀត និងអាជីវកម្មសេវាកម្មទេសចរណ៍ ។ ផ្អែកតាមលក្ខណៈភូមិសាស្ត្រ ក្រៅអំពីសក្តានុពលខាងនេសាទ ឃុំកំពង់ឃ្លាំងទាំងមូលនៅមានសក្តានុពដ៏សំខាន់មួយទៀតនោះគឺ វិស័យទេសចរណ៍ ។ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់សិក្សាស្វែងយល់អំពីបឹងទន្លេសាប ជីវភាពរស់នៅរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ការធ្វើផ្អក ប្រហុក ត្រីឆ្អើរ...នៅពេលដែលភ្ញៀវទេសចរធ្វើដំណើរមកដល់សហគមន៍កំពង់ឃ្លាំងនោះនឹងអាចជ្រាបច្បាស់ពីរបៀបរបបនៃការរស់នៅរបស់ប្រជាជន និងផ្តិតយកនូវរូបភាពអំពីការប្រកបរបរចិញ្ចឹមជីវិត ប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហគមន៍ទាំងនៅរដូវប្រាំង និងរដូវវស្សា ។
សូមជម្រាបថាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង មានបម្រេីសេវាកម្មដូចជា៖
-សេវាកម្មកាណូតទេសចរណ៍
-សេវាកម្មទូកអុំទស្សនាក្នុងភូមិ និងក្នុងព្រៃលិចទឹក
-សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជះ...#ឃុំកំពង់ឃ្លាំង #ស្រុកសូទ្រនិគម #ខេត្តសៀមរាប #សហគមន៍ទេសចរណ៍កំពង់ឃ្លាំង