ក្រសួងរៀបចំដែនដីលើកទឹកចិត្តយុវជនកម្ពុជាឱ្យចូលរួមក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទ


   ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  សាយ សំអាល់ លើកទឹកចិត្តយុវជនឱ្យចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។

ថ្លែងនាកិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី ឯកឧត្តមបានសង្កត់ធ្ងន់លើការងារផ្ដល់ដីសម្រាប់បង្កបង្កើនផល សាងសង់លំនៅឋាន ដែលមានគុណភាពរឹងមាំ និងសោភ័ណភាពស្របតាមស្តង់ដាបច្ចេកទេស ព្រមទាំងកសាងភូមិមួយដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យប្រសើរឡើង។

រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិងកំពុងជំរុញការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ ក្នុងគោលដៅ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមភូមិឃុំនៅទូទាំងប្រទេស៕


Previous Post Next Post