មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកា សម្ភារៈ សង្កសី និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យនិងប្រជាពលរដ្ឋក្រីក្រនៅ ស្រុកស្ទោង ខេត្តកំពង់ធំ


   ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ដែនដី  នាំយកថវិកា សម្ភារៈ គ្រឿងឈើ ស័ង្កសី គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យចំនួន០១គ្រួសារដែលមានស្វាមុី ឈ្មោះ បាន បូអាយុ ៤៥ ឆ្នាំ  និងភរិយាឈ្មោះ ហ៊ុត  ណេង អាយុ៤២ឆ្នាំ  ដែលមានកូននៅក្នុងបន្ទុកចំនួន០៤នាក់ ព្រមទាំងបានជួយឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារផ្សេងទៀត រស់នៅភូមិដូនប៉ុក ឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ    ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់ប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជនមើលការខុសត្រូវ  នឹងជួយដោះស្រាយការលំបាកជូនគាត់  ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណៈភាពដោយខ្វះអាហារបរិភោគនោះឡើយ ។ ជាក់ស្ដែងនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកថវិកា សម្ភារៈគ្រឿងឈើ ស័ង្កសី  និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅពេលនេះមាន៖  គ្រឿងឈើសម្រាប់ធ្វើផ្ទះមួយចំនួន ស័ង្កសីចំនួន៤០សន្លឹក អង្ករចំនួន៥០គីឡូក្រាម  មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៥គ្រួសារផ្សេងទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នាដោយ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។ 

លោក ទិញ វឿន សមាជិកក្រុមប្រឹក្សាឃុំបន្ទាយស្ទោង តំណាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្រីក្រ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងសហការី  ដែលបានជួយដោះស្រាយថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕










Previous Post Next Post